ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។ ដោយសារព្រះគ្រិស្ត និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឲ្យយើងចេះអត់ធ្មត់ ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។ កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានបង្ហាញព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រិស្តបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។ ឥឡូវនេះ បើព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ដោយសារព្រះលោហិតរបស់ព្រះគ្រិស្តយ៉ាងហ្នឹងទៅហើយ ព្រះអង្គរឹតតែសង្គ្រោះយើងឲ្យរួចពីព្រះពិរោធ ដោយសារព្រះគ្រិស្តថែមទៀតជាពុំខាន។ បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀតជាពុំខាន។ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។ តាមរយៈមនុស្សតែម្នាក់ បាប*បានចូលមកក្នុងពិភពលោក ហើយតាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។ ហេតុនេះហើយបានជាសេចក្ដីស្លាប់រាលដាលដល់មនុស្សគ្រប់ៗរូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងលោកនេះរួចស្រេចទៅហើយ តែព្រះជាម្ចាស់ពុំបានប្រកាន់ទោសមនុស្សលោកទេ ព្រោះគ្រានោះមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ ប៉ុន្តែ តាំងពីសម័យលោកអដាំមកទល់នឹងសម័យលោកម៉ូសេ មច្ចុរាជបានសោយរាជ្យលើមនុស្សលោករួចស្រេចទៅហើយ ទោះបីគេពុំបានប្រព្រឹត្តបទល្មើស ដូចលោកអដាំជានិមិត្តរូបនៃព្រះគ្រិស្តដែលត្រូវយាងមកនោះក៏ដោយ។ ប៉ុន្តែ កំហុសរបស់លោកអដាំ និងព្រះអំណោយទានរបស់ព្រះជាម្ចាស់ មានលទ្ធផលខុសគ្នាទាំងស្រុង។ មនុស្សទួទៅត្រូវស្លាប់ ព្រោះតែកំហុសរបស់មនុស្សម្នាក់យ៉ាងណា ព្រះគុណរបស់ព្រះជាម្ចាស់ និងព្រះអំណោយទានដែលបានមកពីព្រះគុណនេះ ក៏បានហូរមកលើមនុស្សទាំងអស់រឹតតែបរិបូណ៌ តាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្តយ៉ាងនោះដែរ។
អាន រ៉ូម 5
ស្ដាប់នូវ រ៉ូម 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 5:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ