រ៉ូម 10:14-21

រ៉ូម 10:14-21 គខប

ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា: «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!» ​។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា: «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​ស្ដាប់?» ​។ ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក» ។ ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថា: «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងី‌ល្ងើ» ​។ រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថា: «អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​ច្បាស់» ។ ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ លោក​បាន​ថ្លែង​ថា: «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជា‌រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់» ។