វិវរណៈ ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្រោយ​ពី​ព្រះ‌យេស៊ូ​សោយ​ទិវង្គត ចំនួន​គ្រិស្ត‌បរិស័ទ​បាន​កើន​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ខ្ចាត់‌ខ្ចាយ​ពាស‌ពេញ​ក្នុង​មជ្ឈិម‌បូព៌ា​ទាំង​មូល ព្រម​ទាំង​នៅ​ក្រុង​រ៉ូម ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម៉ាំង​ដែរ។ ដោយ​គ្រិស្ត‌បរិស័ទ​មិន​ព្រម​គោរព​តាម​សាសនា​ពួក​គេ ជា​ពិសេស មិន​គោរព​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ជា​ព្រះ​របស់​ខ្លួន អាជ្ញា‌ធរ​រ៉ូម៉ាំង និង​អ្នក​ស្រុក​នាំ​គ្នា​ស្អប់​គ្រិស្ត‌បរិស័ទ​កាន់​តែ​ខ្លាំង​ឡើងៗ។
ហេតុ​នេះ​ហើយ​បាន​ជា​អាជ្ញា‌ធរ​រ៉ូម៉ាំង​ធ្វើ​បាប​គ្រិស្ត‌បរិស័ទ​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ប្រហារ​ជីវិត​ពួក​គេ​មួយ​ចំនួន​ធំ​ទៀត​ផង។ នៅ​គ.ស.៦៤ ព្រះចៅ​អធិ‌រាជ​ណេរ៉ុង​បាន​ចាប់​គ្រិស្ត‌បរិស័ទ​ខ្លះ​ជ្រលក់​ក្នុង​ជ័រ ដុត​ដូច​ចន្លុះ ស្ដេច​ឲ្យ​គេ​ចាប់​គ្រិស្ត‌បរិស័ទ​ខ្លះ​ទៀត​ឲ្យ​សត្វ​សាហាវ​ស៊ី​ទាំង​រស់​ក្នុង​កីឡា​ដ្ឋាន ឲ្យ​គេ​ចាប់​សាវ័ក​ពេត្រុស​យក​ទៅ​ឆ្កាង និង​យក​សាវ័ក​ប៉ូល​ទៅ​កាត់​ក។ ល។ និង។ ល។
គ្រិស្ត‌បរិស័ទ​ជា​ច្រើន​អស់​សង្ឃឹម ស្ទើរ​តែ​បាត់​ជំនឿ។ ឃើញ​ដូច្នេះ លោក​យ៉ូហាន​ក៏​តែង​កណ្ឌ​គម្ពីរ​វិវរណៈ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ លោក​ចង់​ដាស់​តឿន​គ្រិស្ត‌បរិស័ទ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ! ព្រឹត្តិ‌ការណ៍​ដ៏​សែន​វេទនា​ដែល​កើត​ឡើង បង្ហាញ​អំពី​អំណាច​របស់​មារ​ដែល​កំពុង​ច្បាំង​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់ ក៏​ប៉ុន្តែ ព្រះ‌គ្រិស្ត​មាន​ជ័យ‌ជម្នះ​ហើយ! រីឯ​មារ​សាតាំង និង​បរិវារ​របស់​វា មុខ​ជា​ត្រូវ​បរា‌ជ័យ​ពុំ‌ខាន។ គ្រិស្ត‌បរិស័ទ​ដែល​គេ​បាន​ប្រហារ​ជីវិត​យ៉ាង​សែន​វេទនា នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ។ ព្រឹត្តិ‌ការណ៍​ទាំង​អស់​ដែល​កើត​ឡើង​បង្ហាញ​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ចង់​សង្គ្រោះ​មនុស្ស​លោក។
លោក​យ៉ូហាន​ពន្យល់​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​និមិត្ត‌រូប​ជា​ច្រើន តាម​របៀប​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ពិសេស តាម​របៀប​ព្យាការី​អេសេ‌គាល និង​ដានី‌យ៉ែល។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​វិវរណៈ​ពិបាក​យល់។
អត្ថ‌ន័យ​សំខាន់ៗ​មាន​ដូច​ត​ទៅ គឺ​ប្រជា‌ជន​របស់​ព្រះ‌ជា‌ម្ចាស់​តែង​មាន​ទុក្ខ​លំបាក​តាំង​ពី​ដើម​រៀង​មក ដោយ​ត្រូវ​គេ​ធ្វើ​បាប តែ​ព្រះ‌យេស៊ូ‌គ្រិស្ត​មាន​ជ័យ‌ជម្នះ​ហើយ ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រមូល​គ្រិស្ត‌បរិស័ទ​ឲ្យ​មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។
រីឯ​និមិត្ត‌រូប​សំខាន់ៗ​មាន​អត្ថ‌ន័យ​ដូច​ត​ទៅ:
ពណ៌​ស: ជា​ពណ៌​របស់​ព្រះ‌ជា‌ម្ចាស់។ អស់​អ្នក​មាន​សម្លៀក‌បំពាក់​ស​នៅ​ស្ថាន​បរម‌សុខ មាន​ន័យ​ថា គេ​បាន​ចូល​រួម​ជា​មួយ​ព្រះ‌ជា‌ម្ចាស់​ហើយ។
មកុដ: ជា​និមិត្ត‌រូប​នៃ​ជោគ​ជ័យ និង​សិរី‌រុងរឿង​របស់​គ្រិស្ត‌បរិស័ទ។
លេខ​៣​កន្លះ: គឺ​មិន​គ្រប់​លក្ខណៈ មាន​ន័យ​ថា «ទុក្ខ​លំបាក» ឬ​«ការ​បៀត‌បៀន»។ ជា​រយៈ​ពេល​មួយ​ដែល​ស្តេច​អង់ត្យូ‌គូសអេ‌ពីផាន​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ជន‌ជាតិ​អ៊ីស្រា‌អែល (ដានី‌យ៉ែល ៩.២)។
លេខ​៤: ជា​លេខ​នៃ​ពិភព​លោក ដែល​មាន​បួន​ទិស។
លេខ​៧: ជា​លេខ​គ្រប់​លក្ខណៈ ឬ​ពេញ​លក្ខណៈ​ជា​លេខ​តំណាង​ព្រះ‌ជា‌ម្ចាស់។
លេខ​១២: និមិត្ត‌រូប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​កុល‌សម្ព័ន្ធ​១២។
លេខ​១.០០០: មាន​ន័យ​ថា​ច្រើន​ឥត​គណនា។
លេខ​១៤៤.០០០: ជា​លេខ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​១២ គុណ​នឹង​១២​គុណ​នឹង​១.០០០ គឺ​មាន​ន័យ​ថា​ច្រើន​ឥត​គណនា​ពុំ​អាច​រាប់​បាន​ឡើយ គឺ​ជា​ចំនួន​ប្រជា‌ជន​ថ្មី​ទាំង​មូល​របស់​ព្រះ‌ជា‌ម្ចាស់។
កូន​ចៀម: គឺ​ព្រះ‌យេស៊ូ​ដែល​ត្រូវ​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​គុត ដូច​គេ​ធ្លាប់​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា​ក្នុង​ឱកាស​បុណ្យ​ចម្លង។
ស្ត្រី: ជា​និមិត្ត‌រូប​នៃ​ប្រជា‌ជន​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ក្រុម‌ជំនុំ ជា​មហេសី​របស់​ព្រះ‌គ្រិស្ត។
នាគ ឬ​ពស់: ជា​និមិត្ត‌រូប​របស់​មារ​សាតាំង។
សត្វ​តិរច្ឆាន​ដែល​ឡើង​ពី​សមុទ្រ: ជា​និមិត្ត‌រូប​រដ្ឋ​អំណាច​រ៉ូម៉ាំង និង​ជា​និមិត្ត‌រូប​នៃ​រដ្ឋ​អំណាច​ទាំង‌ឡាយ។
សត្វ​តិរច្ឆាន​ដែល​ផុស​ពី​ដី: ជា​និមិត្ត‌រូប​ស្តេច​ត្រាញ់​ដែល​បម្រើ​រដ្ឋ​អំណាច​រ៉ូម៉ាំង និង​មនោ‌គម‌វិជ្ជា​ផ្សេងៗ។
ក្រុង​បាប៊ី‌ឡូន: ជា​និមិត្ត‌រូប​នៃ​ក្រុង​រ៉ូម។
គម្រោង​គម្ពីរ​វិវរណៈ
• សេចក្ដី​ផ្ដើម ១.១‑៨
• និមិត្ត​ហេតុ​អស្ចារ្យ​អំពី​សំបុត្រ​ផ្ញើ​ទៅ​ក្រុម​គ្រិស្ត‌បរិស័ទ​ទាំង​ប្រាំ‌ពីរ ១.៩‑៣.២២
• និមិត្ត​ហេតុ​អស្ចារ្យ​ក្រាំង​ដែល​មាន​ត្រា​ប្រាំ‌ពីរ ៤.១‑៨.១
• និមិត្ត​ហេតុ​អស្ចារ្យ​ត្រែ​ទាំង​ប្រាំ‌ពីរ ៨.២‑១១.១៩
• និមិត្ត​ហេតុ​អស្ចារ្យ​សត្វ​នាគ និង​សត្វ​តិរច្ឆាន​ទាំង​ពីរ ១២.១‑១៣.១៨
• និមិត្ត​ហេតុ​អស្ចារ្យ​ផ្សេងៗ​ទៀត ១៤.១‑១៥.៨
• និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ពែង​នៃ​ព្រះ‌ពិរោធ​ប្រាំ‌ពីរ ១៦.១‑២១
• ការ​រំលាយ​ក្រុង​បាប៊ី‌ឡូន បរា‌ជ័យ​របស់​សត្វ​តិរច្ឆាន ព្រម​ទាំង​ព្យាការី​ក្លែងក្លាយ និង​មារ​សាតាំង ១៧.១‑២០.១០
• ការ​វិនិច្ឆ័យ​ទោស​នៅ​គ្រា​ចុង​ក្រោយ ២០.១១‑១៥
• ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី និង​ក្រុង​យេរូ‌សាឡឹម​ថ្មី ២១.១‑២២.៥
• អវសាន‌កថា ២២.៦‑២១

ទើបបានជ្រើសរើសហើយ៖

វិវរណៈ ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល