«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។ ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយបើអ្នកមិនកែប្រែចិត្តគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។ ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ*ទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកម្សត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។ កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នកទុកជាមកុដ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះឡើយ”»។ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ ព្រះអង្គដែលមានដាវដ៏ស្រួចមុខពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់មារ*សាតាំង។ អ្នកនៅតែមានចិត្តស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលមារសាតាំងនៅ។ ប៉ុន្តែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រាអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។ រីឯអ្នកវិញក៏ដូច្នោះដែរ គឺក្នុងចំណោមអ្នក មានអ្នកខ្លះបានកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសរបៀបនេះដូចគ្នា។ ដូច្នេះ ចូរកែប្រែចិត្តគំនិតឡើង បើពុំនោះទេ យើងនឹងមករកអ្នកក្នុងពេលឆាប់ៗខាងមុខ ហើយយកដាវដែលចេញពីមាត់យើង មកប្រយុទ្ធនឹងអ្នកទាំងនោះទៀតផង។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះមានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
អាន វិវរណៈ 2
ស្ដាប់នូវ វិវរណៈ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 2:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ