មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះអង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។ ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។
អាន វិវរណៈ 19
ស្ដាប់នូវ វិវរណៈ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 19:5-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ