បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។ ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើននៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់ព្រះនាមនោះឡើយ ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះសមកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយ ព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។ ខ្ញុំឃើញទេវតា*មួយរូបឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារិករបស់ព្រះជាម្ចាស់ ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។ ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនានានៅលើផែនដី ព្រមទាំងកងទ័ពរបស់គេ ប្រមូលគ្នាមកច្បាំងនឹងព្រះអង្គ ដែលគង់នៅលើសេះ និងកងទ័ពរបស់ព្រះអង្គ។ សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសម្តែងទីសម្គាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។ រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវ ចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។
អាន វិវរណៈ 19
ស្ដាប់នូវ វិវរណៈ 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 19:11-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ