ទំនុកតម្កើង 97:1-12

ទំនុកតម្កើង 97:1-12 គខប

ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង! ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ! មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។ មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ។ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ជះ​ពន្លឺ មក​លើ​ពិភព​លោក ផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់‌ញ័រ​ជា​ខ្លាំង។ ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៃ​ផែនដី​ទាំង​មូល។ ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់ នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ ហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើ ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន​ឮ​ដំណឹង​ថា ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ គេ​នឹង​មាន​អំណរ​រីក‌រាយ ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់ នៅ​លើ​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ព្រះអង្គ​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។ មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​មាន​អំណរ​សប្បាយ។ មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ!