ទំនុកតម្កើង 94

94
សូម​ព្រះអង្គ​សម្តែង​ឫទ្ធិ‌បារមី ដើម្បី​សង‌សឹក
1 ព្រះ‌អម្ចាស់​អើយ
ព្រះអង្គ​តែងតែ​សង‌សឹក
ឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!
2ឱ​ព្រះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយ
សូម​ក្រោក​ឡើង!
សូម​ដាក់​ទោស​មនុស្ស​ព្រហើន
ឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!
3ឱ​ព្រះ‌អម្ចាស់​អើយ
តើ​ទុក​ឲ្យ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន
ដល់​កាល​ណា​ទៀត?
4ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោង
ពួក​គេ​វាយ‌ឫក​ខ្ពស់
ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេង‌ក្អាង។
5ឱ​ព្រះ‌អម្ចាស់​អើយ
ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន
ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ពួក​គេ​បន្ទាប‌បន្ថោក​ប្រជា‌ជន​របស់​ព្រះអង្គ
6ពួក​គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោ‌ប្រវេសន៍
ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា
7ហើយ​ពោល​ថា «ព្រះ‌អម្ចាស់​មើល​មិន​ឃើញ​ទេ
ព្រះ​របស់​លោក​យ៉ាកុប​មិន​រវី‌រវល់​ឡើយ!»
8មនុស្ស​ល្ងី‌ល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន!
មនុស្ស​ឆោត​ល្ងង់​អើយ
តើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះគិត?
9ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក
តើ​ព្រះអង្គ​មិន​ចេះ​ស្ដាប់​ឬ?
ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក
តើ​ព្រះអង្គ​មិន​ចេះ​ទត​ឬ?
10ព្រះអង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជា‌ជាតិ​នានា
តើ​ព្រះអង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ?
ព្រះអង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក
ឲ្យ​ចេះ​ដឹង
តើ​ព្រះអង្គ​មិន​ចេះ​ដឹង​ទេ​ឬ?
11 ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​មនុស្ស​លោក
ច្បាស់​ណាស់!
គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!
12ឱ​ព្រះ‌អម្ចាស់​អើយ
អ្នក​ណា​មាន​ព្រះអង្គ​រំឭក​ដាស់‌តឿន
ហើយ​យក​ក្រឹត្យ‌វិន័យ​មក​ប្រៀន‌ប្រដៅ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
13នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​ចិត្ត​ស្ងប់
រីឯ​មនុស្ស​អាក្រក់​វិញ
មាន​រណ្ដៅ​បម្រុង​ទុក​សម្រាប់​កប់​ពួក​គេ
14ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ​ឡើយ
ព្រះអង្គ​មិន​ចោល​ប្រជា‌ជន​របស់​ព្រះអង្គ​ផ្ទាល់
ជា​ដាច់​ខាត។
15ពេល​នោះ ចៅ‌ក្រម​នឹង​កាត់​ក្ដី
ដោយ​យុត្តិធម៌​ឡើង​វិញ
ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។
16តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំ
ជំទាស់​នឹង​មនុស្ស​អាក្រក់?
តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ
ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
17ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ
ខ្ញុំ​មុខ​ជា​វិនាស​សាប‌សូន្យ​ភ្លាមៗ​មិន​ខាន។
18ឱ​ព្រះ‌អម្ចាស់​អើយ
ពេល​ណា​ទូលបង្គំ​ពោល​ថា «ខ្ញុំ​ដួល​ឥឡូវ​ហើយ!»
នោះ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ជួយ​ទ្រ​ទូលបង្គំ។
19ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំ‌ញី​ក្នុង​ចិត្ត​ទូលបង្គំ
ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ
ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ​សប្បាយ។
20តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រម
ដ៏​ទុច្ចរិត​ទាំង​នោះ
ដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​ឬ​ទេ?
21ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិត
ពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។
22ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​កំពែង​ការពារ​ខ្ញុំ
ព្រះ​របស់​ខ្ញុំ​ជា​ថ្ម‌ដា និង​ជា​ជម្រក សម្រាប់​ខ្ញុំ។
23ព្រះអង្គ​សង​ទៅ​ពួក​គេ​វិញ
សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត
ព្រះអង្គ​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ
ដោយ‌សារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់
ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង
នឹង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 94: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ