ទំនុកតម្កើង 89:1-29

ទំនុកតម្កើង 89:1-29 គខប

ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា: យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នក ឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅ យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​តម្កើង ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ព្រះអង្គ​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ព្រះអង្គ​បាន​ដែរ។ អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ ក៏​កោត​ស្ញប់‌ស្ញែង​ព្រះអង្គ​ដែរ។ ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះអង្គ​ឡើយ! ព្រះអង្គ​ប្រកប​ទៅ​ដោយ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។ ព្រះអង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។ ព្រះអង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។ មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។ ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ប្រជា‌ជន​ណា​លើក​តម្កើង​ព្រះអង្គ ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ ដ៏​សប្បុរស​របស់​ព្រះអង្គ ប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ! រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ជ្រើស​រើស​ព្រះ‌រាជា ឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ។ នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប ក្នុង​ចំណោម​ប្រជា‌ជន គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​អភិសេក​គេ ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេ ឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យ គេ​បាន​ខ្លាំង​ពូកែ។ ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។ យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេ យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។ យើង​នឹង​សម្តែង​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជានិច្ច គេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង ដោយ‌សារ​នាម​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រង លើ​សមុទ្រ និង​លើ​ទន្លេ​នានា។ ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ!”។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌ បាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។ យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជានិច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង ជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្ស នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។