ទំនុកតម្កើង 85:1-13

ទំនុកតម្កើង 85:1-13 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​វិញ។ ព្រះអង្គ​បាន​លើក‌លែង​ទោស ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​បាន​អត់‌ទោស​គេ​ឲ្យ​រួច ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក ព្រះអង្គ​បាន​ដក​ព្រះ‌ពិរោធ​ចេញ​ពី​យើង​ខ្ញុំ ព្រះអង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ សូម​ឈប់​ប្រកែ‌ប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។ តើ​ព្រះអង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ? តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ? តើ​ព្រះអង្គ​មិន​យាង​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​ទេ​ឬ? ឱ​ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។ ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ សិរី‌រុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។ ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក ហើយ​ក៏​មាន​សេចក្ដី​សុចរិត លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។ ព្រះ‌អម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើង ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។ សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។