ទំនុកតម្កើង 8

8
សិរីរុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ សម្រាប់​ពិណ​ពី​ក្រុង​កាថ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ!
ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង
ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!
ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។
2 ព្រះអង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ
និង​ទារក​ដែល​នៅ​បៅ
ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះអង្គ
ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ
ឲ្យ​វិនាស​សាប‌សូន្យ​ទៅ។
3ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ
ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ
ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ
និង​ហ្វូង‌តារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ
4 ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី
បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ
តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក
ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?
5ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង
ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ
ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង
និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។
6 ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗ
ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក
ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់
ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ
7គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
8ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ
ត្រី​នៅ​ក្នុង​សមុទ្រ
និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។
9បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង
ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ