ទំនុកតម្កើង 74:12-17

ទំនុកតម្កើង 74:12-17 គខប

ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ របស់​ទូលបង្គំ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។ ព្រះអង្គ​បាន​បង្ក្រាប​សមុទ្រ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​វាយ​កម្ទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ផុស ចេញ​ពី​ប្រភព​ទឹក​នានា ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​ដែល​មិន​ចេះ​រីង ប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។ ព្រះអង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ ព្រះអង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។ ព្រះអង្គ​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដី ព្រះអង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​វស្សា​ដែរ។