ទំនុកតម្កើង 74:1-23

ទំនុកតម្កើង 74:1-23 គខប

ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ? សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ ដែល​ព្រះអង្គ​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ព្រះអង្គ​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​នោះ​ឡើយ។ សូម​ព្រះអង្គ​យាង​មក​កាន់​កន្លែង ដែល​វិនាស​ខូច​ខាត​អស់ ខ្មាំង​សត្រូវ​បាន​កម្ទេច​បំផ្លាញ​អ្វីៗ ទាំង​អស់​នៅ​ក្នុង​ទីសក្ការៈ បច្ចា‌មិត្ត​របស់​ព្រះអង្គ​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធរបស់​ព្រះអង្គ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​អ្នក​កាប់​ព្រៃ ដែល​លើក​ពូថៅ​របស់​ខ្លួន​ឡើង​កាប់​ដើម​ឈើ គឺ​ពួក​គេ​បាន​យក​ពូថៅ និង​ញញួរ មក​វាយ​កម្ទេច​ក្បាច់​រចនា​ទាំង​ប៉ុន្មាន។ គេ​បាន​ដុត​ទីសក្ការៈ​របស់​ព្រះអង្គ គេ​បាន​រំលំ និង​បន្ទាប​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។ ពួក​គេ​គិត​គ្នា​ថា «យើង​នឹង​បង្ក្រាប​សាសន៍​នេះ​ឲ្យ​រាប ហើយ​ដុត​បំផ្លាញ​កន្លែង​សក្ការ‌បូជា ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នេះ!»។ យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សម្គាល់ របស់​ប្រជា‌ជាតិ​យើង​ខ្ញុំ​ទៀត​ហើយ រីឯ​ព្យាការី​ក៏​លែង​មាន​ទៀត​ដែរ។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថា យើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។ ឱ​ព្រះ‌ជាម្ចាស់​អើយ តើ​ឲ្យ​បច្ចា‌មិត្ត ត្មះ‌តិះ‌ដៀល​ព្រះអង្គ​ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ ព្រះ‌នាម​ព្រះអង្គ​ដល់​កាល​ណា​ទៀត? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ មិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឱប​ដៃ​សម្ងំ​ស្ងៀម​ដូច្នេះ? ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ របស់​ទូលបង្គំ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។ ព្រះអង្គ​បាន​បង្ក្រាប​សមុទ្រ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​វាយ​កម្ទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​បាន​វាយ​កម្ទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​ឲ្យ​សត្វ​នានា នៅ​វាល​រហោ‌ស្ថាន​ស៊ី​ជា​អាហារ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ផុស ចេញ​ពី​ប្រភព​ទឹក​នានា ហើយ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ​ដែល​មិន​ចេះ​រីង ប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។ ព្រះអង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ ព្រះអង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។ ព្រះអង្គ​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដី ព្រះអង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​វស្សា​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះ‌នាម​ព្រះអង្គ!។ សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កម្សត់​ទុគ៌ត របស់​ព្រះអង្គ​ជា​រៀង​រហូត​ឡើយ។ សូម​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ព្រះអង្គ បាន​ចង​ជា​មួយ​យើង​ខ្ញុំ! ដ្បិត​ជន​រង​គ្រោះ​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ នាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​គេ​ជិះ‌ជាន់ ត្រូវ​អាម៉ាស់​មុខ​ទៀត​ឡើយ តែ​សូម​ឲ្យ​ជន​ក្រីក្រ និង​ជន​ទុគ៌ត អាច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ សូម​ក្រោក​ឡើង ការពារ​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។ សូម​កុំ​បំភ្លេច​សម្រែក​នៃ​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ គឺ​គេ​បាន​ស្រែក​យ៉ាង​អឺង‌កង​ទាស់​នឹង​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ។