ទំនុកតម្កើង 71:1-14

ទំនុកតម្កើង 71:1-14 គខប

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត សូម​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ផង! សូម​ព្រះអង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូលបង្គំ​ជ្រក​កោន ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ មក​រក​ថ្ម‌ដា​នេះ​ជានិច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច! ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក! ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ! មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះអង្គ បាន​ដាក់​បណ្ដាសា​ទូលបង្គំ ក៏​ប៉ុន្តែ តាម​ពិត ព្រះអង្គ​ជា​ជម្រក ដ៏​រឹង‌មាំ​របស់​ទូលបង្គំ។ សូម​ឲ្យ​ទូលបង្គំ​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ចង់​លើក​តម្កើង​សិរី‌រុងរឿង របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! សូម​កុំ​លះ‌បង់​ទូលបង្គំ នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​ឱន​ថយ​នេះ​ឡើយ! ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុង តែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ អស់​អ្នក​ដែល​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំ កំពុង​តែ​ពិភាក្សា​គ្នា គេ​ពោល​ថា: ព្រះ‌ជាម្ចាស់ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់! សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំ វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ! រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ហើយ​សរសើរ​តម្កើង​ទៀត!