ទំនុកតម្កើង 68:21-35

ទំនុកតម្កើង 68:21-35 គខប

ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។ សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។ ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។ នគរ​នានា​នៅ​លើ​ផែនដី​អើយ ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ។ - សម្រាក ព្រះអង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ទៅ​ទៀត ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។ ចូរ​ប្រកាស​ថា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល យ៉ាង​ថ្កុំ‌ថ្កើង​រុងរឿង អាកាស‌វេហាស៍​សម្តែង អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ព្រះអង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ របស់​ព្រះអង្គ​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ព្រះអង្គ!