ទំនុកតម្កើង 60

60
ពាក្យ​ទូល‌អង្វរ​របស់​ប្រជា‌ជាតិ​ក្រោយ​ពេល​បរា‌ជ័យ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ផ្កា​ម្លិះ​បន្ទាល់»។ បទ​ចម្រៀង​របស់​ស្ដេច​ដាវីឌ សម្រាប់​ប្រៀន‌ប្រដៅ។ រំឭក​ពី​គ្រា​ដែល​ព្រះអង្គ​ធ្វើ​សឹក​ជា​មួយ​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា និង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​សូបា ហើយ​នៅ​ពេល​ដែល​លោក​យ៉ូអាប់​វិល​មក​ពី​ច្បាំង​ឈ្នះ​ទ័ព​អេដុម​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ នៅ​វាល​ទំនាប​អំបិល។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព
ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ
ព្រះអង្គ​អើយ
សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។
2ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ
និង​ប្រេះ​ចេញ​ពី​គ្នា
ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង
ព្រោះ​ផែនដី​កំពុង​រង្គើ។
3ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក
ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ
ស្ទើរ​តែ​វង្វេង​ស្មារតី។
4ព្រះអង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
អាច​គេច​ផុត​ពី​បរា‌ជ័យ ។
- សម្រាក
5សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់
របស់​ព្រះអង្គ​បាន​រួច​ជីវិត។
6ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល
ពី​ទីសក្ការៈ​របស់​ព្រះអង្គ មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ
យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត
ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។
7កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ
អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
8ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។
9តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ
ក្នុង​ទីក្រុង​ដ៏​មាំ‌មួន​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម?
10ឱ​ព្រះ‌ជាម្ចាស់​អើយ!
មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ
ក៏​ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ
កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។
11សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់
នឹង​ពួក​សត្រូវ​ផង
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក
ឥត​ប្រយោជន៍​អ្វី​សោះ។
12បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង
នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត
របស់​យើង​ឲ្យ​រាប។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 60: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ