ទំនុកតម្កើង 55:11-23

ទំនុកតម្កើង 55:11-23 គខប

នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​ឧក្រិដ្ឋ‌កម្ម ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះ‌ជាន់ និង​ការ​បោក​ប្រាស់។ អ្នក​ដែល​បំបាក់​មុខ​ខ្ញុំ មិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ ប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែន ខ្ញុំ​មុខ​ជា​ទ្រាំ‌ទ្រ​បាន​មិន​ខាន ហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរ ប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែន ខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ ជា​អ្នក​ជិត‌ស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។ យើង​ធ្លាប់​ស្និទ្ធ‌ស្នាល​ជា​មួយ​គ្នា យើង​ធ្លាប់​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។ សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់‌ហន់ សូម​ឲ្យ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរ‌ពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។ ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ព្រះអង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។ ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មក សូម​ព្រះអង្គ​ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។ អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។ ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតករ និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ហើយ។