ទំនុកតម្កើង 44:4-26

ទំនុកតម្កើង 44:4-26 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ទូលបង្គំ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់​ទូលបង្គំ ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌នាម​របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។ - សម្រាក ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះអង្គ​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចា‌មិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភណ្ឌ។ ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យ ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយ ទៅ​តាម​ប្រទេស​នានា ព្រះអង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ យ៉ាង​ថោក​បំផុត គឺ​ព្រះអង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេស ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់ នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។ ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះអង្គ ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះអង្គ​ក៏​ដោយ។ យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ដែរ មិន​គួរ​ណា​ព្រះអង្គ​បំបរ‌បង់​ចោល យើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។ ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំ ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរ ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។ ព្រោះ​តែ​ព្រះអង្គ គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់។ ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​តើន​ឡើង! កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ពួន មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ? ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី។ សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។