ទំនុកតម្កើង 40:9-17

ទំនុកតម្កើង 40:9-17 គខប

ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។ ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យ ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។ មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូលបង្គំ កំហុស​របស់​ទូលបង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ទូលបង្គំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ទូលបង្គំ​ទៅ​ទៀត ទូលបង្គំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំ ត្រូវ​អាប់‌ឱន និង​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត នឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំ ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ! សូម​ឲ្យ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរា‌ជ័យ ទាំង​អាប់​កិត្តិយស រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​ឲ្យ​គេ​បាន​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ព្រះអង្គ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូលបង្គំ។ ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!