ទំនុកតម្កើង 38:1-4

ទំនុកតម្កើង 38:1-4 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​ទូលបង្គំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ដែរ ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់ មក​លើ​ទូលបង្គំ។ ព្រះ‌ពិរោធ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គ‌កាយ ហើយ​អំពើ​បាប​របស់​ទូលបង្គំ បាន​ធ្វើ​ឲ្យ​ឆ្អឹង‌ឆ្អែង​របស់​ទូលបង្គំ​ពុក​អស់ ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់‌ជោរ ឡើង​លិច​ក្បាល​ទូលបង្គំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។