ទំនុកតម្កើង 34:8-18

ទំនុកតម្កើង 34:8-18 គខប

ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់ មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ នឹង​មិន​ខ្វះ​អ្វី​ឡើយ។ អ្នក​មានអាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។ កូន​ចៅ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក ឲ្យ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ? បើ​ចង់​បាន ត្រូវ​តែ​ចេះ​ទប់​អណ្ដាត កុំ​ពោល​ពាក្យ​អាក្រក់ និង​ចៀស‌វាង​និយាយ​បោក​បញ្ឆោត!។ ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត យ៉ាង​អស់​ពី​ចិត្ត។ ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជានិច្ច។ ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​ព្រះអង្គ​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។