ទំនុកតម្កើង 30:1-5

ទំនុកតម្កើង 30:1-5 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ ព្រះអង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។ អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​អើយ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌អម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ! ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។