ទំនុកតម្កើង 27:4-9

ទំនុកតម្កើង 27:4-9 គខប

ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់ និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។ ព្រះអង្គ​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង​ខ្មាំង​សត្រូវ ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​នឹង​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ព្រះ‌ពន្លា របស់​ព្រះអង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌អម្ចាស់។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។ ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ សូម​កុំ​ព្រះ‌ពិរោធ ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះអង្គ! ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ សូម​កុំ​លះ‌បង់​ទូលបង្គំ! ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។