ទំនុកតម្កើង 18:30-35

ទំនុកតម្កើង 18:30-35 គខប

មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។ មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។ ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះ‌ហឫទ័យ​មេត្តា។