ទំនុកតម្កើង 18:16-24

ទំនុកតម្កើង 18:16-24 គខប

ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។ ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។