ទំនុកតម្កើង 145:8-13

ទំនុកតម្កើង 145:8-13 គខប

ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក។ ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។ គេ​នឹង​រៀប​រាប់​អំពី​ព្រះ‌រាជ្យ ដ៏​រុងរឿង​របស់​ព្រះអង្គ គេ​នឹង​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ និង​សិរី‌រុងរឿង​ដ៏​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច នៃ​ព្រះ‌រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះ‌អម្ចាស់​តែង​គោរព​តាម​ព្រះ‌បន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះ‌ហឫទ័យ​សប្បុរស។