ទំនុកតម្កើង 143:1-11

ទំនុកតម្កើង 143:1-11 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះ‌ហឫទ័យ សុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។ សូម​កុំ​យក​ទូលបង្គំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ទៅ​កាត់​ក្ដី​ឡើយ ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ទេ។ ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។ ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។ ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះអង្គ ទូលបង្គំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។ សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ទូលបង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះអង្គ។ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះអង្គ​ដឹក​នាំ ទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះអង្គ!