ទំនុកតម្កើង 135:1-12

ទំនុកតម្កើង 135:1-12 គខប

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​យើង។ ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពូជ‌ពង្ស​លោក​យ៉ាកុប ហើយ​ព្រះអង្គ​យក​ជន‌ជាតិ​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ។ ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រះ‌អម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ការ​អ្វី ព្រះអង្គ​នឹង​សម្រេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បាត​សមុទ្រ។ ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។ ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។ ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។ ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជា‌ជាតិ​ជា​ច្រើន ព្រះអង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ គឺ​ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អា‌ម៉ូរី ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​កាណាន ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក។