ទំនុកតម្កើង 119:97-112

ទំនុកតម្កើង 119:97-112 គខប

ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។ ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។ ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។ ព្រះ‌ឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទទួល​យក​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​វិន័យ​របស់​ព្រះអង្គ! ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរ‌មត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។ ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់ របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ