ទំនុកតម្កើង 119:81-104

ទំនុកតម្កើង 119:81-104 គខប

ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​ខំ​ប្រឹង​រង់‌ចាំ​មើល​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ?»។ ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់ របស់​ព្រះអង្គ​ឡើយ។ តើ​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ? មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ទូលបង្គំ​ធ្លាក់។ បទ‌បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ទូលបង្គំ​ផង ដ្បិត​គេ​បៀត‌បៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។ នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ទូលបង្គំ​ឲ្យ​វិនាស​សូន្យ ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះ‌ឱវាទ របស់​ព្រះអង្គ​ឡើយ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​របស់​ព្រះអង្គ ស្ថិត‌ស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរម‌សុខ។ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។ អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយ‌សារ​វិន័យ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម អំណាច​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះអង្គ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។ ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ទូលបង្គំ តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។ ទូលបង្គំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ ប៉ុន្តែ បទ‌បញ្ជា​របស់​ព្រះអង្គ​ទូលំ‌ទូលាយ ឥត​មាន​ព្រំ‌ដែន​សោះ​ឡើយ។ ទូលបង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។ បទ‌បញ្ជា​របស់​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច។ ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។ ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀន‌ប្រដៅ​ទូលបង្គំ​ដូច្នេះ។ ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។ ព្រះ‌ឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា ទូលបង្គំ​ស្អប់​ការ​វៀច‌វេរ។