ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។ ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញ ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា របស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។ ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។ តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនទូលបង្គំ? មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ របស់ព្រះអង្គទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។ នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន ដែលព្រះអង្គបង្គាប់មក។ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។ អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ ទូលបង្គំនឹងមិនភ្លេចព្រះឱវាទ របស់ព្រះអង្គសោះឡើយ ដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសារព្រះឱវាទទាំងនេះ។ ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។ មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។ ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គខ្លាំងណាស់ ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះ ជារៀងរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។ ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំ យកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។ ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនងាកចេញពីវិន័យ ដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយ ដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។ ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។ ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ទូលបង្គំស្អប់ការវៀចវេរ។ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហាន ទូលបង្គំ និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតដែលព្រះអង្គបង្គាប់មក។ ឱព្រះអម្ចាស់អើយ ទូលបង្គំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះអម្ចាស់អើយ សូមទទួលយកពាក្យទូលអង្វររបស់ទូលបង្គំ ទុកជាតង្វាយ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់វិន័យរបស់ព្រះអង្គ! ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យទូលបង្គំ មានអំណរនៅក្នុងចិត្ត។ ទូលបង្គំប្ដេជ្ញាចិត្តធ្វើតាមច្បាប់ របស់ព្រះអង្គរហូតដល់ទីបំផុត។
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:73-112
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ