សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ ដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម! នៅពេលទូលបង្គំមានទុក្ខវេទនា ព្រះបន្ទូលនេះធ្វើឲ្យចិត្តទូលបង្គំបានធូរស្បើយ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ។ មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យទូលបង្គំ តែទូលបង្គំមិនឃ្លាតចាកចេញពីក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាល ហើយចិត្តទូលបង្គំក៏បានធូរស្បើយ។ មនុស្សពាលបានធ្វើឲ្យទូលបង្គំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះអង្គ។ ពេលដែលទូលបង្គំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ទូលបង្គំបានយកច្បាប់របស់ព្រះអង្គ មកធ្វើជាទំនុកតម្កើង។ ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំរកឃើញសុភមង្គល ដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថា ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។ ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំ ហើយទូលបង្គំក៏បោះជំហានមករកដំបូន្មាន របស់ព្រះអង្គវិញ។ ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ព្រះអង្គ ឥតធ្វេសប្រហែសសោះឡើយ។ មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំ ជាប់អន្ទាក់របស់គេ តែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។ ទូលបង្គំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ និងអស់អ្នកដែលប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញា ដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។ ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។ ព្រះអង្គមានព្រះហឫទ័យល្អសប្បុរស សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។ អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ចំពោះទូលបង្គំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។ ព្រះអង្គបានបង្កើតទូលបង្គំមក ហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យទូលបង្គំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។ ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គ ឃើញទូលបង្គំ គេនឹងមានអំណរ ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វី ដែលព្រះអង្គសម្រេច សុទ្ធតែត្រឹមត្រូវទាំងអស់ ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។ សូមសម្រាលទុក្ខទូលបង្គំ ដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើ ទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញ ដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គណាស់។ សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យអស់អ្នកដែលគោរពកោត ខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំ ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យា របស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណា ទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។ ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។ តើទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ ត្រូវរង់ចាំដល់ពេលណាទៀត ទើបព្រះអង្គវិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនទូលបង្គំ? មនុស្សអួតបំប៉ោងមិនគោរពតាមក្រឹត្យវិន័យ របស់ព្រះអង្គទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យទូលបង្គំធ្លាក់។ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។ នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណា ទូលបង្គំនឹងប្រតិបត្តិតាមដំបូន្មាន ដែលព្រះអង្គបង្គាប់មក។ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គ ស្ថិតស្ថេររហូតតទៅ នៅក្នុងស្ថានបរមសុខ។ ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។ អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ព្រះអង្គ។ ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ ទូលបង្គំនឹងមិនភ្លេចព្រះឱវាទ របស់ព្រះអង្គសោះឡើយ ដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយសារព្រះឱវាទទាំងនេះ។ ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។ មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំ តែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។ ទូលបង្គំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:49-96
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ