ទំនុកតម្កើង 119:49-64

ទំនុកតម្កើង 119:49-64 គខប

សូម​នឹក​ដល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​សង្ឃឹម! នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះ‌បន្ទូល​នេះ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់​វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។ មនុស្ស​ពាល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ។ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង។ ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ​នឹក​ដល់ ព្រះ‌នាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ទូលបង្គំ​រក​ឃើញ​សុភមង្គល ដោយ​អនុវត្ត​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។ ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង! ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។ ទូលបង្គំ​ប្រញាប់‌ប្រញាល់​ប្រតិបត្តិ តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេស‌ប្រហែស​សោះ​ឡើយ។ មនុស្ស​អាក្រក់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!