ទំនុកតម្កើង 119:145-160

ទំនុកតម្កើង 119:145-160 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​រស់​នៅ តាម​វិន័យ​របស់​ព្រះអង្គ។ អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នៅ​ជិត​ទូលបង្គំ បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ទូលបង្គំ​បាន​ដឹង​ថា ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ! មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​វិន័យ​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។ អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ និង​បច្ចា‌មិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់ តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន របស់​ព្រះអង្គ​ឡើយ។ ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់ ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ទេ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ។ គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ជា​សេចក្ដី​ពិត ហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​សម្រេច ដោយ​សុចរិត​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។