ទំនុកតម្កើង 119:145-152

ទំនុកតម្កើង 119:145-152 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ! ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យា របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​រស់​នៅ តាម​វិន័យ​របស់​ព្រះអង្គ។ អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នៅ​ជិត​ទូលបង្គំ បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ទូលបង្គំ​បាន​ដឹង​ថា ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។