ទំនុកតម្កើង 119:129-144

ទំនុកតម្កើង 119:129-144 គខប

ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។ ការ​ស្វែង​យល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ធ្វើ​ឲ្យ​មនុស្ស​ភ្លឺ‌ស្វាង ហើយ​ធ្វើ​ឲ្យ​អ្នក​ទន់‌ទាប​មាន​ប្រាជ្ញា។ ទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ព្រះ‌បន្ទូល របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ‌បញ្ជា របស់​ព្រះអង្គ​ណាស់។ សូម​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​ទូលបង្គំ សូម​ប្រណី‌សន្ដោស​ទូលបង្គំ ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ពង្រឹង​ទូលបង្គំ​ឲ្យ​បាន​មាំ‌មួន តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ការ ជិះ‌ជាន់​របស់​មនុស្ស ដើម្បី​ឲ្យ​ទូលបង្គំ ប្រតិបត្តិ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។ សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា ដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ ច្បាប់​របស់​ព្រះអង្គ​ផង!។ ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាក‌ស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សុចរិត វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ! ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។ ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ទូលបង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ សម្រេច​ជាក់​ស្តែង​ហើយ ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ស្រឡាញ់​ព្រះ‌បន្ទូល​នេះ​ណាស់។ ទូលបង្គំ​ជា​មនុស្ស​តូច‌តាច ហើយ​ត្រូវ​គេ​មើល‌ងាយ​ទៀត​ផង តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។ ទូលបង្គំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ‌បញ្ជា​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ទូលបង្គំ​មាន​អំណរ។ ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត!