ទូលបង្គំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនទូលបង្គំឡើយ។ សូមធានាឲ្យទូលបង្គំ ដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។ ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំរង់ចាំព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គ។ សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើ របស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានប្រាជ្ញាមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំស្រឡាញ់បទបញ្ជារបស់ព្រះអង្គ លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។ ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។ ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ សូមរំដោះទូលបង្គំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ ច្បាប់របស់ព្រះអង្គផង!។ ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ! ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ សម្រេចជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។ ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ! ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ! ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅ តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។ អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។ ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
អាន ទំនុកតម្កើង 119
ស្ដាប់នូវ ទំនុកតម្កើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 119:121-160
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ