ទំនុកតម្កើង 114:1-8

ទំនុកតម្កើង 114:1-8 គខប

ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពេល​កូន​ចៅ​របស់​លោក​យ៉ាកុប​ចាក​ចេញ ពី​ទឹក​ដី​បរទេស ជន‌ជាតិ​យូដា​បាន​ទៅ​ជា​ប្រជា‌ជន ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ។ ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។ ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល ហើយ​ភ្នំ​តូចៗ​ទាំង‌ឡាយ​ក៏​នាំ​គ្នា​លោត ដូច​កូន​ចៀម​ដែរ។ សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ? ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ? ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នា លោត​ដូច​ពពែ​ឈ្មោល? ភ្នំ​តូចៗ​ទាំង‌ឡាយ​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម? ផែនដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ ព្រះ‌អម្ចាស់! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក​យ៉ាកុប ដែល​បាន​ធ្វើ​ឲ្យ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង ហើយ​ធ្វើ​ឲ្យ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។