ទំនុកតម្កើង 107:23-31
ទំនុកតម្កើង 107:23-31 គខប
អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។ ពេលព្រះអង្គមានព្រះបន្ទូលបញ្ជា នោះស្រាប់តែមានខ្យល់ព្យុះបក់បោកមក បង្កើតជារលកធំៗ លើកនាវាទាំងឡាយឡើងយ៉ាងខ្ពស់ រួចធ្វើឲ្យធ្លាក់ចុះទៅវិញ រហូតដល់បាតសមុទ្រ ពួកគេត្រូវវេទនាអស់សង្ឃឹម។ ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏រំដោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។ ព្រះអង្គបានបញ្ឈប់ខ្យល់ព្យុះឲ្យនៅស្ងៀម ទឹករលកក៏ស្ងប់ទៅវិញ។ អ្នកទាំងនោះមានអំណរដោយឃើញរលកស្ងប់ ហើយព្រះអម្ចាស់ក៏នាំគេទៅដល់ត្រើយ ដែលគេប្រាថ្នាចង់ទៅ។ អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក!

