ទំនុកតម្កើង 106:9-18

ទំនុកតម្កើង 106:9-18 គខប

ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង ព្រះអង្គ​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។ ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចា‌មិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។ ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។ ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។ នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។