កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។ ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។ នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលព្រះអង្គ នៅវាលដ៏ហួតហែងនោះ។ ព្រះអង្គបានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺព្រះអង្គធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។ នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងលោកម៉ូសេ ហើយច្រណែននឹងលោកអើរ៉ុន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ពេលនោះ ដីក៏ប្រេះលេបលោកដាថាន ព្រមទាំងស្រូបបក្សពួក របស់លោកអប៊ីរ៉ាមទៀតផង។ មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។ ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសព្រះជាម្ចាស់ ប្រកបដោយសិរីរុងរឿងវិញ។ ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាព្រះហស្ដដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រកក់។ ព្រះអង្គមានព្រះបន្ទូលថា នឹងកម្ទេចប្រជារាស្ត្រនេះ ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។ បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន ព្រមទាំងកម្ចាត់កម្ចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា ហើយឲ្យគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។ នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។
អាន ទំនុកតម្កើង 106
ស្ដាប់នូវ ទំនុកតម្កើង 106
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 106:7-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ