មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។ ក្រោយមក ពួកគេឆ្លាក់រូបកូនគោមួយ នៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលង្ហិននោះ។ ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសព្រះជាម្ចាស់ ប្រកបដោយសិរីរុងរឿងវិញ។ ពួកគេភ្លេចថាព្រះជាម្ចាស់បានសង្គ្រោះពួកគេ ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាព្រះហស្ដដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រកក់។ ព្រះអង្គមានព្រះបន្ទូលថា នឹងកម្ទេចប្រជារាស្ត្រនេះ ប៉ុន្តែ លោកម៉ូសេដែលព្រះអង្គជ្រើសរើស បានឃាត់ព្រះអង្គមិនឲ្យលុបបំបាត់ពួកគេ តាមព្រះពិរោធរបស់ព្រះអង្គឡើយ។ បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ ពួកគេពុំព្រមជឿព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ពួកគេនាំគ្នារអ៊ូរទាំនៅក្នុងជំរំរៀងៗខ្លួន មិនព្រមស្ដាប់ព្រះសូរសៀង របស់ព្រះអម្ចាស់ឡើយ។ ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន ព្រមទាំងកម្ចាត់កម្ចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា ហើយឲ្យគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។ នៅពេអ៊រ ពួកគេបាននាំគ្នាបែរទៅ ថ្វាយបង្គំព្រះបាល ព្រមទាំងបរិភោគម្ហូបអាហារដែលគេបានសែន ទៅព្រះដែលគ្មានជីវិតទាំងនោះទៀតផង។ ពួកគេបានប្រព្រឹត្តអំពើដែលធ្វើ ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ បណ្ដាលឲ្យកើតមានគ្រោះកាច ក្នុងចំណោមពួកគេ។ ពេលនេះ លោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ព្រោះតែការនេះ ព្រះអម្ចាស់បានប្រោសលោកឲ្យបានសុចរិត អស់កល្បជាអង្វែងតរៀងទៅ។ នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយលោកម៉ូសេទទួលទោស ព្រោះតែពួកគេ គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្ត ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។ ពួកគេពុំបានប្រហារប្រជាជាតិនានា តាមព្រះបញ្ជារបស់ព្រះអម្ចាស់ទេ។ ពួកគេបែរជាទៅពាក់ព័ន្ធជាមួយ ប្រជាជាតិទាំងនោះ ហើយនាំគ្នាប្រព្រឹត្តតាមសាសន៍ទាំងនោះ គឺថ្វាយបង្គំព្រះក្លែងក្លាយរបស់សាសន៍ដទៃ ដែលជាអន្ទាក់នាំឲ្យពួកគេវិនាស។ ពួកគេបានយកកូនប្រុស កូនស្រីទៅធ្វើយញ្ញបូជាឲ្យអារក្ស។ ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ ទៅជាសៅហ្មង ពួកគេបានក្បត់ព្រះជាម្ចាស់ ដោយសារអំពើរបស់ខ្លួន។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រ របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គទាស់ព្រះហឫទ័យនឹងប្រជាជន ផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា ព្រះអង្គឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។ ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។ ព្រះអង្គបានរំដោះពួកគេច្រើនលើកច្រើនគ្រា ក៏ប៉ុន្តែ ពួកគេនៅតែនាំគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ ហើយប្រព្រឹត្តអំពើបាបកាន់តែខ្លាំងឡើងៗ។ ពេលព្រះអង្គឮពួកគេស្រែកអង្វរ ព្រះអង្គក៏មានព្រះហឫទ័យអាណិតពួកគេ ដែលកំពុងរងទុក្ខលំបាក ព្រះអង្គប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គ ព្រះអង្គដូរព្រះហឫទ័យ ព្រោះព្រះអង្គមានមេត្តាករុណាធម៌ដ៏លើសលុប។ ព្រះអង្គធ្វើឲ្យអស់អ្នកដែលចាប់ពួកគេ យកទៅធ្វើជាឈ្លើយ មានចិត្តអាណិតមេត្តាពួកគេ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង! សូមប្រមែប្រមូលយើងខ្ញុំពីចំណោម ប្រជាជាតិនានាមកវិញ ដើម្បីឲ្យយើងខ្ញុំលើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ! សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ែន! ហាលេលូយ៉ា!
អាន ទំនុកតម្កើង 106
ស្ដាប់នូវ ទំនុកតម្កើង 106
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 106:18-48
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ