ហាលេលូយ៉ា! ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ ដើម្បីឲ្យទូលបង្គំឃើញសុភមង្គល របស់ប្រជាជនដែលព្រះអង្គបានជ្រើសរើស ឲ្យទូលបង្គំមានអំណររួមជាមួយ ប្រជាជាតិរបស់ព្រះអង្គ ហើយឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយប្រជារាស្ដ្ររបស់ព្រះអង្គ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។ ក៏ប៉ុន្តែ ព្រះអង្គបានសង្គ្រោះពួកគេ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដើម្បីបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ ព្រះអង្គបានសង្គ្រោះពួកគេឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកដែលស្អប់ពួកគេ ព្រះអង្គបានរំដោះពួកគេពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវ។ ទឹកសមុទ្របានគ្របពីលើបច្ចាមិត្ត គ្មាននរណាម្នាក់បានរួចជីវិតសោះឡើយ។ ពួកបុព្វបុរសក៏នាំគ្នាជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។ នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលព្រះអង្គ នៅវាលដ៏ហួតហែងនោះ។
អាន ទំនុកតម្កើង 106
ស្ដាប់នូវ ទំនុកតម្កើង 106
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 106:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ