ទំនុកតម្កើង 105:23-38

ទំនុកតម្កើង 105:23-38 គខប

ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។ ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រម​ទាំង​លោក​អើរ៉ុន ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។ លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ​បាន​ឡើយ។ ព្រះអង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាម ព្រះអង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង មក​ពេញ​ក្នុង​ស្រុក គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរ ចុះ​មក​ជំនួស​ភ្លៀង ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។ ព្រះអង្គ​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ដំណាំ​របស់​គេ ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្ដូប និង​ក្រា ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។ បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។ ពេល​ពួក​គេ​ចាក​ចេញ​ទៅ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត ដ្បិត​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។