រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំឭកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។ ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន ព្រះអង្គមុខជាក្រោកឡើង ព្រោះដល់ពេលកំណត់ដែលព្រះអង្គ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។ យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ សូមឲ្យប្រជាជាតិនានាកោតខ្លាច ព្រះនាមរបស់ព្រះអម្ចាស់ ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ! ពេលព្រះអម្ចាស់សង់ក្រុងស៊ីយ៉ូនឡើងវិញ ព្រះអង្គនឹងសម្តែងសិរីរុងរឿងឲ្យគេឃើញ។ ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌ត ព្រះអង្គលែងព្រងើយកន្តើយ នឹងពាក្យទូលអង្វររបស់គេទៀតហើយ។ ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គទតមើលពីទីសក្ការៈរបស់ព្រះអង្គមក ព្រះអម្ចាស់ទតពីស្ថានបរមសុខមើលមកផែនដី ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។ ពេលនោះ គេនឹងប្រកាសអំពីព្រះកិត្តិនាម របស់ព្រះអម្ចាស់នៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងព្រះអង្គនៅក្រុងយេរូសាឡឹម គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា ហើយប្រជាជនពីនគរទាំងឡាយ នាំគ្នាគោរពបម្រើព្រះអម្ចាស់។ ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ព្រះអង្គធ្វើឲ្យខ្ញុំទន់ជង្គង់ ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំអង្វរព្រះអង្គថា «ឱព្រះនៃទូលបង្គំអើយ ព្រះអង្គមានព្រះជន្មគង់នៅ ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតទូលបង្គំក្នុងពេលដែល ទូលបង្គំមិនទាន់ចាស់នៅឡើយ!»។ ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។ ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯព្រះអង្គវិញ ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសម្លៀកបំពាក់ ព្រះអង្គនឹងផ្លាស់វាដូចផ្លាស់សម្លៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។ កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។
អាន ទំនុកតម្កើង 102
ស្ដាប់នូវ ទំនុកតម្កើង 102
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 102:12-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ