សុភាសិត 31:21-31

សុភាសិត 31:21-31 គខប

នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។ នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។ ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ស្រុក។ នាង​ដេរ​សម្លៀក‌បំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។ នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃ‌ថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។ នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។ កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា: «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។ រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សម្រស់​ល្អ​ស្អាត មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។ នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។