សុភាសិត 25:1-25

សុភាសិត 25:1-25 គខប

នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សា‌ឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។ សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។ ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។ បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។ បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ជា​មុន​សិន។ កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។ ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។ កុំ​ប្រញាប់​យក​រឿងរ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទម្លាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន! បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។ និយាយ​ត្រូវ​តាម​កាលៈ‌ទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។ យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។ អ្នក​នាំ​សារ​ស្មោះ​ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។ អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។ ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។ បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។ ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ រហូត​ដល់​ស្អប់​អ្នក។ អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។ នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។ ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។ ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។ ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។ ដំណឹង‌ល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។