សុភាសិត 23:1-26

សុភាសិត 23:1-26 គខប

កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។ បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។ កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។ កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។ អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។ កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។ ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។ ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់‌ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសា‌បង់។ កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើល‌ងាយ​ពាក្យ​ប្រកប​ដោយ​សុភ‌និច្ឆ័យ​របស់​អ្នក។ កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​ឲ្យ​គេ។ ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។ កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ​បី​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។ បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការពារ​វា​ឲ្យ​រួច​ពី​ស្លាប់។ កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។ បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។ កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោតខ្លាចព្រះ‌អម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​ដូច្នេះ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។ កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។ កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។ ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លុប ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លុប។ កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។