ភីលីព 4:1-13

ភីលីព 4:1-13 គខប

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បងប្អូន​ខ្លាំង​ណាស់ បងប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន រួម​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ​ត​រៀង​ទៅ! ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់។ រីឯ​អ្នក​វិញ មិត្ត​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹង‌ល្អ* ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។ ចូរ​បងប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​សូម​ជម្រាប​បងប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្តែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បងប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បងប្អូន ដោយ​អធិស្ឋាន* និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះអង្គ​ផង។ ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បងប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​យេស៊ូ​មិន​ខាន។ ជា​ទី​បញ្ចប់ បងប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។ សេចក្ដី​ដែល​បងប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បងប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បងប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​នឹង​គង់​ជា​មួយ​បងប្អូន​មិន​ខាន។ ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បងប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន បងប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បងប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បងប្អូន​ចំពោះ​ខ្ញុំ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈ។ ទោះ‌បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ក៏​ខ្ញុំ​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។ ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 4:1-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ