ភីលីព 3:2-11
ភីលីព 3:2-11 គខប
ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែកក្លែងក្លាយ ដ្បិតយើងឯណេះវិញទេដែលជាអ្នកកាត់ស្បែកពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមព្រះវិញ្ញាណ យើងអួតអាងលើព្រះគ្រិស្ត*យេស៊ូ យើងមិនពឹងផ្អែកលើលោកីយ៍ទេ។ ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត គឺខ្ញុំបានទទួលពិធីកាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី* បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំនុំទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមក្រឹត្យវិន័យនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ត គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺសុចរិតដោយជឿលើព្រះគ្រិស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។


